Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេថា "នារីបានរួមវិភាគទាន​យ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ​" ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

គេថា “នារីបានរួមវិភាគទាន​យ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ​” ។ ចូរពន្យល់ដោយបញ្ជាក់ពីសកម្មភាពរបស់នារីក្នុងរឿងភូមិតិរច្ឆាន និង រឿងគូលីកំណែនមកបកស្រាយ ។

សេចក្តីអធិប្បាយ

ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិកាលពីសម័យមុនក៏ដូចជាសម័យបច្ចុប្បន្នដែរគេត្រូវការចាំបាច់នូវការចូលរួមពីកម្លាំងរបស់នារីភេទ។ តាមរយៈប្រវត្តិសាស្រ្ត និង ទំនៀមទម្លាប់ប្រពៃណីខ្មែរ សង្គមខ្មែរយើងបានលើកតម្កើងស្រ្តីជាធំ។ ទាំងនេះបញ្ជាក់ថាស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ស្របទៅនឹងទស្សនៈខាងលើនេះហើយទើបមានមតិមួួយយល់ថា ” នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ​”។

តើនារីបានចូលរួមសកម្មភាពអ្វីខ្លះ ចំពោះការអភិវឌ្ឍន៍សង្គមជាតិ និងគ្រួសារ?

ដើម្បីងាយស្រួលដល់ការបកស្រាយនូវចំណាោទបញ្ហាខាងលើ យើងគប្បីយល់នូវអត្ថន័យរបស់ពាក្យ “រួមវិភាគទាន និង អភិវឌ្ឍន៍ ” ជាមុនសិន។ ពាក្យថា “រួមវិភាគទាន​”មានន័យថា ការចូលរួមចំណែកធ្វើនូវអំពើណាមួយជាមួយអ្នកដទៃ។ រីឯពាក្យ ” អភិវឌ្ឍន៍​​ ” មានន័យថា ការធ្វើអ្វីមួយឲ្យលូតលាស់រីកចម្រើន។ តាមរយៈអត្ថន័យរបស់ពាក្យខាងលើទស្សនៈរបស់ប្រធានមានន័យថា នារីភេទបានចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ក្នងការស្តារនិងកសាងនូវជីវភាពគ្រួសារ និង សង្គមជាតិឲ្យមានការរីកចម្រើនលូតលាស់។ វាប្រាកដណាស់ដែលថា នារីជាកម្លាំងដ៏សំខាន់មួយក្នុងការអភិឌ្ឍន៍សង្គមជាតិ​និង គ្រួសារឲ្យរីកចម្រើើន។ បើយើងក្រឡេកទៅមើលនារីក្នុងរឿងភូមិតិរច្ឆានវិញយើងក៏ឃើញថា លោក ឌឿក អំ និង ឌឹក គាមបានបង្ហាញច្បាស់នូវសកម្មភាពនារីខ្មែរមួួយចំនួននៅភូមិក្រាំងលាវ ដែលតំណាងឲ្យនារីខ្មែរទូទៅនៅក្នុងប្រទេសដែលមានទឹកចិត្តក្លាហានក្នុងការបញេ្ចញនូវមតិដែលសុទ្ធតែគំនិតជឿនលឿនក្នុងការតបតជាមួួយពូកអាណាគមន៍បារាំង និង បរិវា។ តួយ៉ាងដូចជានាងតន់ភរិយារបស់សុវណ្ណ ក្រោយពីបាត់ប្តីក៏ខំដើររកនៅមន្ទីរឃុំឃាំងដោយនាងសាកសួរអ្នកយាមម្នាក់ដែលជាបរិវាបំរើដាច់ថ្លៃរបស់បារាំង។​ អ្នកទំាងពីរក៏បានប្រកែកគ្នាយ៉ាងតឹងសសៃកដូចសំដីនាងតន់បញ្ជាក់ថា “រឿងស្លាប់ជាការធម្មតាទេថី ! បើអ្នកស្រុកក្រាំងលាវមិនស្លាប់នឹងគ្រាប់កាំភ្លើងរបស់ថី ក៏គង់តែស្លាប់នឹងចាស់ជរា ឬ ស្លាប់នឹងរោគា៌ពាធផ្សេងៗដែរ” ។ នាងតន់ក៏និយាយទៀតថា ” មកពីគេទុកខ្មែរដូចសត្វតិរច្ឆានហ្នឹងហើយ បានជាមានរឿងធំដល់បុណ្ណឹង! ហើយខ្ញុំនឹកស្មានថា លោកចិត្តជាខ្មែរ! “។ លើសពីនេះទៅទៀត នាងនី នាងប៊ី ក៏មានសេចក្តីក្លាហានក្នុងការប្រកេែកតវ៉ាជាមួយពួកអាណានិគមបារាំងផងដែរ។ ដូចជាមានឃ្លាបញ្ជាក់ថា ” នែលោកធំ! លោកប្រើអំណាចលើខ្ញុំ​ និង ជាតិខ្ញុំជ្រុលពេកហើយណាលោកដាក់ខ្នោះបី្តមិនស្កប់ចិត្ត ឥឡូវលោកគិតដាក់ខ្នោះប្រពន្ធទៀត ….”។ ដោយឆ្អែតចិត្តនឹងពួកបារាំងជិះជាន់ នាងប៊ីបានបន្តទៀតថា ” លោកធ្វើចៅហ្វាយលើខ្មែរ លោកមើលឃើញត្រឹមតែប្រាក់មួយមុខប៉ុណ្ណោះ ចង់ខ្មែរធ្វើស្រែមិនបាន​ ចង់ខ្មែរដាច់ពោះស្លាប់ លោកឥតឈឺអំបែងក្បាលទេ លោកគិតតែពីសង្ខើញទារពន្ធឲ្យខានតែបាន។ នេះឬដែលហៅថា អាណាព្យាបាល? “។​ សកម្មភាពទាំងនេះបញ្ជាក់ថានារីបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

ចំពោះក្នុងគ្រួសារវិញ នារីមានតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំកូនចៅមើលការខុសត្រូវចំពោះផ្ទះសម្បែង។ នារីជាទីប្រឹក្សាមួយដ៏ល្អជាមួយប្តីកូនចៅមុនសម្រេចធ្វើអ្វីមួយ។ ចំពោះស្ថានភាពសង្គមនាពេលបច្ចុប្បន្ននារីក៏បាន​ជួយ​​​បង្កើននូវជីវភាពគ្រួសារផងដែរ តាមរយៈការបង្ករបង្កើនផល ឬលក់ដូរប្រកបអាជីវកម្មផ្សេងៗជាមួយកម្លាំងបុរស​។ បើយើងក្រឡេកមើលក្នុងរឿងគូលីកំណែនវិញម្តងយើងក៏ឃើញថា លោកអ៊ឹមថុកក៏បានបង្ហាញអំពីសកម្មភាពនារីក្នុងផ្ទៃរឿងផងដែរ។នៅក្នុងចំនុចនេះយើងឃើញថាអ្នកគ្រូ គូ រស់ បានផ្តល់កម្លាំងគ្រប់យ៉ាងដល់ម៉ុឹងក្នុងការតស៊ូរំដោះ​ជាតិមាតុភូមិពីកណ្តាប់ដៃបរទេសឈ្លានពាន។ ទោះបីមិនបានចេញតស៊ូដោយផ្ទាល់ក៏ដោយ ក៏អ្នកគ្រូបានចូលរួមចំណែកដោយប្រយោលដោយជួយជាគំនិតយោបល់ និង គាំទ្រដល់ការសម្រេចចិត្តរបស់ម៉ឹងដែរ។ ម៉្យាងវិញទៀតចំពោះជីវភាពគ្រួសារវិញ នារីក៏បានខិតខំជួយជាកម្លាំងបុរសផងដែរក្នុងការធ្វើស្រែចំការ និង ធ្វើការងារស្រាលៗនៅឯផ្ទះជំនួសកំលាំងប្តី។ សកម្មភាពទាំងនេះជាការសម្រាលនូវបន្ទុកជីវភាពគ្រួសារមួយផ្នែកដែរ។ ចំនុចមួយទៀត​គឺការស្មោះត្រង់ប្តូរផ្តាច់ក្នុងគ្រាមានអាសន្ន ឬ​ការលំបាកផ្សេងៗ។ ជាក់ស្តែងដូចជានាងហេងមិនបណ្តោយខ្លួនឲ្យក្លាយជាចំណីតណ្ហាចៅហ្វាយស្រុកតាមរយៈអំណាចទឹកប្រាក់ឡើយ។​ នាងហេងសុខចិត្តរត់គេចពីស្រុកកំណើត​​ជាមួយឪពុកម្តាយឡើងមកភ្នំពេញរហូតបាត់បង់ជីវិត។

សរុបមក នារីពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និង គ្រួសារប្រាកដមែន។ រួមសេចក្តីមកតាមរយៈការបកស្រាយក្នុងអក្សរសិល្ប៏រឿងទាំងពីររួចមកយើងអាចសន្និដ្ឋានបានថានារីជាកំលាំងដ៏​សំខាន់ក្នុងការរួមចំណែកធ្វើឲ្យសង្គមគ្រួសារ និង សង្គមជាតិរីកចំរើន។ នារីបានជួយជ្រោមជ្រែងចំពោះការងារបុរសជាច្រើនទាំងការស្រួល និងលំបាកគ្រប់បែបយ៉ាងដើម្បីបំរើឲ្យការរស់នៅប្រកបដោយលក្ខណៈល្អប្រសើរ។

ដូចនេះក្នុងនាមយើងជាពលរដ្ឋបុរសគ្រប់រូប យើងត្រូវលុបបំបាត់នូវគំនិតរើសអើងស្រ្តីភេទដោយយើងត្រូវចាត់ទុកស្រ្តីភេទជាកំលាំងចលករមួយចូលរួមក្នុងសកម្មភាពផ្សេងៗទាំងក្នុងគ្រួសារ និង សង្គមជាតិដូចយើងដែរ។ យើងត្រូវគិតថាស្រ្តី និង បុរសមានសិទ្ធិស្មើគ្នាក្នុងការរស់នៅក្នុងសង្គមជាតិ៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1