Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

គេថា «ខ្មែរមានសេចក្តីក្លាហាន មានការលះបង់ និងមានគំនិតសុទិដ្ឋិនិយម» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ គេថា «ខ្មែរមានសេចក្តីក្លាហាន មានការលះបង់ និងមានគំនិតសុទិដ្ឋិនិយម» ។ ចូរបកស្រាយដោយលើអំណះអំណាងមកបញ្ជាក់ឲ្យបានគ្រប់ទិដ្ឋិភាព ។

សេចក្តីអធិប្បាយ

ខ្មែរគឹជាជាតិសាសន៍មួយដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តាំងពីសម័យបុព្វកាល រហូតមកដល់បច្ចុប្បន្ន​ ខ្មែរនៅតែរក្សាបាននូវភាពវិសេសវិសាលប្លែងពីជាតិសាសន៍ដទៃ តាមរយៈសកម្មភាពរស់ និងឧត្តមគតិ ដែលស្តែងឡើងពោរពេញទៅដោយភាពអង់អាច អំណត់តស៊ូ និងប្រកបដោយគតិគំនិត ។ ដោយហេតុនេះហើយទើប គេថា « ខ្មែរមានសេចក្តីក្លាហាន មានការលះបង់ និងមានគំនិតសុទិដ្ឋិនិយម » ។

តើពំនោលខាងលើនេះ មានខ្លឹមសារបែបណាខ្លះ ?

ដើម្បីឆ្លើយតបឲ្យសមស្រប និងគ្រប់ជ្រុងជ្រោយជុំវិញពំនោលខាងលើនេះ យើងគប្បីស្វែងយល់នូវន័យរបស់កន្សោមពាក្យគន្លឹះ ដែលក្តោមខ្លឹមសារប្រធានជាមុនសិន ។ សេចក្តីក្លាហាន មានន័យថាសេចក្តីអង់អាច សេចក្តីមោះមុតក្នុងការតស៊ូនឹងអ្វីមួយ ។ ចំណែក ការលះបង់ សំដៅដល់ការចំណាយទាំងកម្លាំងកាយចិត្ត សកម្មភាព និងជីវីត ។ ដោយឡែ្មក គំនិតសុទិដ្ឋិនិយម ជាគំនិតវិជ្ជមាន គំនិតមើលឃើញល្អ មានក្តីសង្ឃឹមជានិច្ចទៅអនាគត ។ ដូចនេះអត្ថន័យប្រធានមានន័យយ៉ាងខ្លីថា ខ្មែរមានសេចក្តីអង់អាច ហ៊ានលះបង់គ្រប់បែបយ៉ាង និងមានសង្ឃឹមជាវិជ្ជមានជានិច្ចក្នុងការរស់នៅ ។

ផ្នែកតាមពំនោលខាងលើនេះ យើងអាចយល់បានថាខ្មែរគឺពិតជាជាតិសាសន៍ដែលមានសេចក្តីក្លាហាននិងមានការលះបង់ខ្ពស់ក្នុងជីវីត ។ អាចនិយាយបានថា ខ្មែរគឺអង់អាចហ៊ានលះបង់ជីវីតដើម្បីជាតិមាតុភូមិ ។​ ខ្មែរសុខចិត្តស្លាប់ខ្លួនឲ្យតែជាតិរស់ ។ ខ្មែរប្រកាន់គោលជំហរស្លាប់ដើម្បីរស់ និងចាញ់ដើម្បីឈ្នះ ។ យ៉ាងណាមិញបើតាមទំព័រប្រវត្តិសាស្រ្តខ្មែរ យើងពិតជាអាចឹងបានថា កងទ័ពរបស់ព្រះនាងលីវយីដែលច្បាំងជាមួយ ហ៊ុនទៀន គឺជាកងទ័ពដែលពោរពេញដោយសេចក្តីក្លាហាន និងមានការលះបង់ខ្ពស់ ទើបអាចប្រឈមមុខតស៊ូបាន​ ។ មួយវិញទៀត ព្រះបាទជ័យវរ្ម័នទី២ ច្បាំងរើបម្រាស់ពីចាមទទួលបានជ័យជំនះ ដ៏ដោយសារតែស្មារតីអង់អាចក្លាហាន និងមានការលះបង់ខ្ពស់ ទាំងមេទ័ព និងពលសេនា ដែលជាកងទ័ពទាហានជួរមុខការពារទឹកដីដែរ ។ លើសពីនេះ ក្សត្រីអង្គពេញដែលសុខចិត្តស្លាប់ ពុំព្រមរណបយួន ក៏បានសបញ្ជាក់ឲ្យឃើញពីគុណតម្លៃ នៃទឹកចិត្តព្រះអង្គដែលសុខចិត្តលះបង់់អាយុជីវីតប្រកបដោយសេចក្តីក្លាហាន ។ រីឯឧកញ៉ា សឺន គុយ ដែលតស៊ូត្រួវយួនសម្លាប់យ៉ាងណាក៏ដោយក៏ទឹកចិត្តមោះមុត មិនឈរឱបដៃពេលឃើញបរទេសឈ្លានពានលើទឹកដីខ្មែរ ពោលគឺលោកហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងចំពោះជាតិមាតុភូមិ ។ ដោយឡែក ក្រឡោ ហោមគង់ត្រូវបានបារាំងសម្លាប់ដោយសារតែលោកហ៊ានតស៊ូចេញមុខប្រឆាំងនឹងពួកអាណានិគមនិយមបារាំងដោយមិនខ្លាចអំណាចចេស្តានៃពួកបារាំងឡើយ ។ ជាមួយគ្នានេះដែរ បើផ្អែកតាមរយៈតថភាពសង្គម យើងឃើញថាពលរដ្ឋខ្មែរហ៊ានលះបង់ជីវីត ដើម្បីកិត្តិយសជាតិសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ ដោយមិនសុខចិត្តដេកយកដៃគងថ្ងាស ព្រងើយកន្តើយ មិនខ្វល់ខ្វាយអំពីកិច្ចការប្រទេសជាតិនោះឡើយ ។ ក្នុងនោះកម្មករកាត់ដេរ ហ៊ានតស៊ូប្រឆាំងនាយទុនឲ្យគោរពច្បាប់ការងារឲ្យបានត្រឹមត្រូវ ។ ក្រុមទាហានខ្មែរស្នេហាជាតិ ហ៊ានពលីជីវីត ដើម្បីបុរាណភាពនិងការពារទឹកដីឲ្យបានគង់វង្ស មិនឲ្យធ្លាក់លើដៃប្រទេសណាផ្សេងឡើយ ។ បន្ថែមពីលើទៅទៀត បើក្រឡេកមើលក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរវិញម្តង ពិសេសរឿងត ភូមិតិរច្ឆាន យើងឃើញថា តួអង្គជួននៅនិងអ្នកក្លាហានទាំងម្ភៃនាក់គឺជាតួអង្គប្រកបដោយភាពអង់អាច ក្លាហានមិនខ្លាចស្លាប់ហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីរួមប្រឆាំងនឹងពួកអាណានិគមនិយមបារាំង រហូតបានមានលទ្ធភាពសម្លាប់លោករ៉េស៊ីដង់បារដេសបានទៀតផង ។ មួយវិញទៀត រឿងអ្នកអ្នកតាឃ្លាំងមឿង គឺលោកហ៊ានធ្វើអត្តឃាតដើម្បីយកឈ្នះទ័ពសៀម ។ ត្រង់ចំណុចនេះអាចបញ្ជាក់ឲ្យឃើញថា លោកគឺជាវីរបុរស ដែលបានបូជាអាយុជីវីតដើម្បីប្រយោជន៍ជាតិកុំឲ្យប្រទេសឈ្លានពាន ។ លើសពីនេះ រឿងតេជោយ៉ត យើងឃើញថា ជំទាវស្រែ ហ៊ានលះបង់សេចក្តីសុខ និងជីវីតដោយបាន អនុវត្តន៍ពាក្យមួយឃ្លា « ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ » ដើម្បីធ្វើកម្លាំងបង្កប់ចាប់ស្តេចសម្រៃ ។ នៅទីបញ្ចប់ស្តេចសម្រែត្រូវបានតេជោយ៉តចាប់បានយ៉ាងងាយស្រួល ក្នុងឥទ្ធិពល្លល្បិចរបស់ជំទាវស្រែន ។ មិនតែប៉ុណ្ណោះខ្មែរគឺជាជាតិសាសន៍មួយ ដែលមានគំនិតសុទិដ្ឋិនិយមខ្ពស់ក្នុងជីវីត ពោលគឹខ្មែរមានគំនិតវិជ្ជមាន ស្ថិតក្នុងបំណងល្អថែមទៀត ។ ពិតណាស់ខ្មែរមានភាពឈ្លាសវៃ ប្រកបដោយគត្តិគំនិត ។​យ៉ាងណាមិញ បើផ្អែកតាមរយៈទំព័រប្រវត្តិសាស្រ្តខ្មែរយើងឃើញថាវីរជនជាតិខ្មែរ ដែលហ៊ានពលីជីវីត ច្បាំងជាមួយ ចាម សៀម យួន បារាំង អាមេរិក របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ សុទ្ធតែមានសង្ឃឹមថាថ្ងៃមួយ នឹងអាចរើរួចពីការជិះជាន់របស់ខ្នាំងទាំងនោះបាន ។ តាមរយៈតថភាពសង្គម ក៏បានបង្ហាញដែរថា កម្មករថៅកែនឹងគោរពច្បាប់ការងារ ។ មិនតែប៉ុណ្ណោះ សិស្ស និស្សិត ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គឺមានគោលដៅរួមមួយ ប្រកបដោយក្តីសង្ឃឹមខ្ពស់ក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន ។ ឯស្នាដៃអក្សរសិល្ប៍ក៏បានលើកនិយាយ ពីគំនិតសុទិដ្ឋិនិយមតាមរយៈតួអង្កនានាផងដែរ ពិសេសដូចជាតួអង្គពោធិ៍កំបោរ តួអង្គក្រឡាហោមគង់តួអង្គឃ្លាំងមឿង តួអង្គរតេជោយ៉ត តួអង្គជួននៅតួអង្គសមជាដើម ពិតជាតួអង្គប្រកបដោយគំនិតសុទិដ្ឋិនិយមក្នុងការតស៊ូខ្ពស់ក្នុងជីវីត​ ។​

សរុបសេចក្តីមកអាចបញ្ជាក់បានថា ខ្មែរមានសេចក្តីក្លាហាន ហ៊ានលះបង់ពោលគឹមានសេចក្តីសង្ឃឹម ប្រកបដោយកិត្តិគំនិតលើភាពជោគជ័យទៅថ្ងៃអនាគត ទាំងសម្រាប់ផ្ទាល់ខ្លួនគ្រួសារ និងប្រទេសជាតិរបស់ខ្លួន ។

ឆ្លងតាមការបកស្រាយអធិប្បាយពន្យល់ខាងលើរួចមក យើងអាចសន្និដ្ឋានបានថាពំនោលខាងលើ ពិតជាមានកិត្តិយសតម្លៃខ្ពស់ ព្រោះបានបង្ហាញឲ្យឃើញអំពីសន្តានទូទៅរបស់ខ្មែរតាមរយៈសកម្មភាព និងមនសិការពិតៗ ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ យើងគួរខិតខំអភិរក្ស និងអភិវឌ្ឍន៍ស្មារតីវីរភាព និងគំនិតសុទិដ្ឋិនិយមនេះបន្តទៀតទើបខ្លួនយើងគ្រួសារយើង សហគមន៍យើងប្រទេសជាតិយើងអាចរីកចម្រើនបាន ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1