Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងវចនានុក្រមខ្មែរ សម្តេច ជួន ណាត បានលើកសុភាសិតបុរាណមកបង្ហាញថា “សក្ដិសុំស្មើយ ឯអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា" ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ក្នុងវចនានុក្រមខ្មែរ សម្តេច ជួន ណាត បានលើកសុភាសិតបុរាណមកបង្ហាញថា “សក្ដិសុំស្មើយ ឯអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា” ។ ចូរស្រាយបំភ្លឺដោយឆ្លុះបញ្ចាំងតាមរឿងតេជោយ៉ត ។

សេចក្តីអធិប្បាយ

ក្រៅពីចំណេះដឹង និងចំណេះធ្វើ សីលធម៌រស់នៅក៏ជាបញ្ហាសំខាន់ក្នុងការអភិវឌ្ឍន៍ធនធាមនុស្សដែរ ព្រោះសីលធម៍ ពិសេសសីលធម៌សង្គម បើស្រុតចុះហើយនោះ ការអភិវឌ្ឍន៍សង្គមក៏ពុំអាចប្រព្រឹត្តទៅបានល្អដែរ។ គឺក្នុងន័យអប់រំសីលធម៌បុគ្គលនេះហើយទោះក្នុងវចនានុក្រមខ្មែរ សម្ដេច ជូន ណាត បានលើកសុភាសិតបុរាណមកបង្ហាញថា “សក្ដិសុំស្នើយស ឯអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា” ។

តើសុភាសិតបុរាណខាងលើនេះមានអត្ថន័យយ៉ាងណា? និងចង់អប់រំបែបណា?

ដើម្បីបកស្រាយសុភាសិតខាងលើឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយទៀតនោះ យើងគួរយល់ន័យរបស់ពាក្យកន្សោមពាក្យគន្លឹះ និងន័យប្រធានជាមុនសិន។ “សក្ដិ” ទីនេះ សម្គាល់តួនាទីខ្ពង់ខ្ពស់ណាមួយ។ ឯ “យស” គឺកិត្តិយស កេរ្តិ៍ឈ្មោះនេះឯង។ ចំណែក “អ្នកខ្ពង់ខ្ពស់” គឺអ្នកមានទ្រព្យ ឬអ្នកមានបុណ្យសក្តិ មានអំណាច។ ដោយឡែក “ចិត្តជា” គឺចិត្តល្អ ចិត្តជាកុសល។ ចំពោះ “ពុំស្មើ” គឺពុំអាចប្រៀបធៀបបាន ឬទាបជាង។ ដូចនេះ ន័យរបស់សុភាសិត គឺចង់បញ្ជាក់ថា អ្នកនាំពុំអាចប្រៀបនឹងអ្នកមានកិត្តិយស កេរ្តិ៍ឈ្មោះល្អឡើយ ហើយអ្នកមានទ្រព្យ មានអំណាច ក៏ពុំស្មើនិងអ្នកមានចិត្តល្អចិត្តជាកុសលដែរ។

ជាការពិតណាស់ “សក្តិពុំស្មើយស” គឺជាពិតសុភាសិតមួយថ្លៃថ្លា ដែលបង្ហាញពីគុណតម្លៃនៃកិត្តិយស កិត្តិនាម ដែលកើតចេញពីការសម្រក់ញើស ពោលគឺការខិតខំបញ្ចេញសកម្មភាព បញ្ចេញនូវការរិះគិត ការប្រើប្រាស់នូវបញ្ញាញាណក្ដី ប្រើប្រាស់នូវកម្លាំងកាយក្តីតែស្ថិតក្នុងភាពសុចរិត ថ្លៃថ្នូរ នោះពិតជាត្រូវបានទទួលស្គាល់និងទទួលបាននូវការគោរពសរសើរពីសំណាក់អ្នកផងទូទៅពុំខានឡើយ។ ទន្ទឹមនឹងនេះ អ្នកដែលមានបុណ្យសក្តិខ្ពង់ខ្ពស់ មានអំណាចធំធេង តែប្រព្រឹត្តសកម្មភាពទុចរិត ពុករលួយ បក្សពួកជាដើមនោះរមែងត្រូវបានអ្នកក្រោមនវាយតម្លៃទាប ហើយអ្នកផងទូទៅមើលស្រាល មិនឱតម្លៃតែម្ដង។ មនុស្សប្រភេទអាងបុណ្យសក្តិ អាងអំណាច ច្រើនតែខ្វះសីលធម៍ ពុំសូវមានការគោរព ខ្លះសុជីវធម៌ ពុំ ដែរសូវឱ្យតម្លៃអ្នកដទៃជាដើម។ យើងដឹងហើយថា ក្នុងសង្គមជាតិ មានមន្ត្រីមួយចំនួនមានតួនាទីខ្ពស់ ជាវរមន្ត្រី ជាឯកឧត្តម តែរំលោភច្បាប់ បំពានអំណាច អយុត្តិធម៌ ពុករលួយជាដើម ពោលគឺមន្ត្រីទាំងឡាយនោះធំតែសក្តិ តែមហាជនពុំឱ្យតម្លៃឡើយ។ ផ្ទុយទៀតវិញមន្ត្រីថ្នាក់តូចមួយតែមានសីលធម៌វិជ្ជាជីវៈល្អ មិត្តរួមការងារ និងមហាជននានា ពិតជាឱ្យតម្លៃខ្ពស់ជាងមេដែលពុករលួយ បក្សពួកខានឡើយ។ ករណីនេះ ពុំមែនមានតែក្នុងសង្គមជាក់ស្តែងទេ តែក្នុងអត្ថបទអក្សរសិល្បក៏បានបង្ហាញយ៉ាងច្បាស់ថា លោកបាឡាដក្នុងបុរៈរឿងកុលាបប៉ៃលិន ពុំអាចមានប្រៀបលើចៅចិត្រដែលមានមនុស្សមានកិត្តិយសបានដែរ។ រីឯតំណាងរាស្ត្រ យ៉េន ដែលធ្វើប្រជាភិថុតបោកប្រាសរាស្ត្រក្នុងរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ក៏ពុំស្មើនឹងតួអង្គសមដែលជាមនុស្សមានកិត្តិយស ចេះភ្ញាក់រលឹកជួយកែលម្អ ជីកាពផ្ទាល់ខ្លួន ក៏ដូចជាជីតាពសហគមន៍បានដែរ។ ម្យ៉ាងវិញរទៀត បើពិនិត្យលើ “ឯអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា” ក៏មានអត្ថន័យប្រហាក់ប្រហែលនឹងខ្លឹមសារ “សក្ដិមិនស្មើយស” ដែរ គ្រាន់តែចង់បញ្ចក់ន័យថា “អ្នកខ្ពង់ខ្ពស់”” គឺអ្នកខ្ពស់ដោយទ្រព្យសម្បត្តិ ក៏ពុំអាចឬអ្នកខ្ពង់ខ្ពស់ដោយសារបុណ្យសក្តិ ក៏ពុំអាចប្រដូចនឹងអ្នកដែលមានចិត្តជាបានដែរ។ ករណីនេះ យើងឃើញមានឧកញ៉ាមួយចំនួនកសាងសុខលើគំនរទុក្ខគ្នាអ្នកដទៃ កេងប្រវ័ញ្ជ គាបសង្កត់ ធ្វើយ៉ាងណាតែឪ្យខ្លួនមានបាន។ ឧកញ៉ាប្រភេទនេះ ពិតជាពុំមានតម្លៃស្មើនឹងកម្មករដែលរកស៊ីដោយសម្មាអាជីវោ រកស៊ីដោយសុចរិត ចេះយល់ខុសត្រូវ គុណទោសមនុស្សមានចិត្ត ជាចិត្តជាកុសលបានជាដាច់ខាត ទោះមានទ្រព្យវាល់កោដិ ក៏រស់ក្នុងភាពអសោចន៍កេរ្តិ៍ដែរ។ ឯអ្នកធំដែលមានចិត្តអាក្រក់យោរឃៅ អញនិយម មេនិយមពោលគឺគ្មានចិត្តជា ពិតជាអាចមានកិត្តិយសប្រសើរឡើយ។ ដោយឡែកក្នុងអត្ថបទអក្សរសិល្ប៍ក៏បានបង្ហាញដែរថា ថៅកែចិត្តចោរប៉ូលីសស៊ីសំណូក ពិតជាពុំស្មើហំ និងកម្មករមួយចំនួនបានដែរ។ ឯសេដ្ឋីក្នុងរឿងធនញ្ជ័យ ដែលកេងប្រវ័ញ្ច បោកប្រាសកូនក្មេងដោយឥតអៀនខ្មាស ពុំមានកិត្តិយស ពិសេសត្រូវធនញ្ជ័យផ្ចាញ់ឪ្យ អស់កិត្តិយសទៀតផង។

រូមសេចក្តីមក យើងអាចនិយាយបានថា មនុស្សដែលមានបុណ្យសក្ដិខ្ពស់ ពុំស្មើមនុស្សដែលមានកេរ្តិ៍ឈ្មោះប្រសើរឡើយ ហើយអ្នកមានទ្រព្យស្តុកស្តម្ភ តែមានចិត្តឃោរឃៅ យង់ឃ្នង អសីលធម៌ពុំអាចប្រដូចមនុស្សដែលមានចិត្តជា ចិត្តល្អបានដែរ តែបើអ្នកមានឋានៈខ្ពស់ មានទ្រព្យមហាសាល ហើយរក្សាបាននូវកេរ្តិ៍ឈ្មោះល្អ ចិត្តជាទៀតនោះ គឺជាមនុស្ស ដែលអ្នកផងគួរគោរពបំផុត។​​​​

ឆ្លងតាមការបកស្រាយ ដែលផ្អែកលើអំណះអំណាងរួចមកហើយ អាចឱ្យយើងវាយតម្លៃបានថា សុភាសិតបុរាណខាងលើនេះ ពិតជាមានខ្លឹមសារអប់រំល្អ ពោលគឺអប់រំសីលធម៌បុគ្គលឱ្យមនុស្សម្នាក់ៗគិតពីកិត្តិយស កេរ្តិ៍ឈ្មោះផងទើបប្រសើរ។ ដូចនេះ យើងទាំងអស់គ្នាពិសេសយុវជនត្រូវខំអភិវឌ្ឍខ្លួនទាំងចំណេះដឹង ចំណេះធ្វើ និងទាំងសីលធម៌រស់នៅ ទើបខ្លួនយើង គ្រួសារយើង ប្រទេសជាតិយើងអាចលេចត្រដែតលើផ្ទៃរាបអន្តរជាតិបាន។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1