Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងវចនានុក្រមខ្មែរសម្តេចជួនណាត បានលើកកាសិតបុរាណមកបង្ហាញថា «សក្តិសុំស្មើយស ឯអ្នកខ្ពង់ខ្ពស់ពុំស្មើចិត្តជា» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ក្នុងវចនានុក្រមខ្មែរសម្តេចជួនណាត បានលើកកាសិតបុរាណមកបង្ហាញថា «សក្តិសុំស្មើយស ឯអ្នកខ្ពង់ខ្ពស់ពុំស្មើចិត្តជា» ។ ចូរស្រាយបំភ្លឺដោយឆ្លុះបញ្ចាំងតាមរយៈរឿងតេជោយ៉ត ។

សេចក្តីអធិប្បាយ

ក្រៅពីចំណេះដឹងនិងចំណេះធ្វើសីលធម៌រស់នៅក៏ជាបញ្ហាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សដែរព្រោះសីលធម៌ពិសេសសីលធម៌សង្គមបើស្រុតចុះហើយនោះការអភិវឌ្ឍសង្គមក៏ពុំអាចប្រព្រឹត្តទៅបានល្អដែរ ។ គឺក្នុងន័យអប់រំសីលធម៌បុគ្គលនេះហើយទោះក្នុងវចនានុក្រមខ្មែរសម្តេច ជួនណាត បានលើកភាសិតបុរាណមកបង្ហាញថា « សក្តិសុំស្នើយស ឯអ្នកខ្ពង់ខ្ពស់ពុំស្នើចិត្តជា » ។

តើសុភាសិតបុរាណខាងលើនេះមានអត្ថន័យយ៉ាងណា ? និងចង់អប់រំបែបណា ?

ដើម្បីបកស្រាយសុភាសិតខាងលើឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយទៀតនោះយើងគួរយល់ន័យរបស់ពាក្យកន្សោមពាក្យគន្លឹះនិងន័យប្រធានជាមុនសិន ។ សក្តិ ទីនេះសម្គាល់តួនាទីខ្ពង់ខ្ពស់ណាមួយ ។ ឯ យស គឹជាកិត្តិយស កេរ្តិ៍ឈ្មោះ នេះឯង ។ ចំណែកអ្នកខ្ពង់ខ្ពស់ គឺអ្នកមានទ្រព្យឬអ្នកមានបុណ្យសក្តិ មានអំណាច ។ ដោយឡែក ចិត្តជា គឺចិត្តល្អចិត្តជាកុសល ។ ចំពោះពុំស្នើ គឺពុំអាចប្រៀបធៀបបាន ឬទាបជាង ។ ដូចនេះន័យប្រធានខាងលើរបស់សុភាសិតគឺចង់បញ្ជាក់ថាអ្នកធំពុំអាចប្រៀបនិងអ្នកមានកិត្តិយស កេរ្តិ៍ឈ្មោះល្អឡើយហើយអ្នកមានទ្រព្យ មានអំណាច ក៏ពុំស្មើនិងអ្នកមានចិត្តល្អចិត្តជាកុសលដែរ​។​

ជាការពិតណាស់ « សក្តិពុំស្មើយស » គឺជាពិតភាសិតមួយដ៏ថ្លៃថ្លាដែលបង្ហាញពីគុណភាពតម្លៃនៃកិត្តិយស កិត្តិនាម ដែលកើតចេញពីការសម្រក់ញើស ពោលគឺការខិតខំបញ្ចេញសកម្មភាព បញ្ចេញនូវការិះគិត ការប្រើប្រាស់នូវបញ្ញាញាណក្តី ប្រើប្រាស់នូវកម្លាំងកាយក្តីឲ្យតែស្ថិតក្នុងភាពសុភាសិត ថ្លៃថ្នូរ នោះពិតជាត្រូវបានទទូលស្គាល់និងទទួលបាននួវការគោរពសរសើរពីសំណាក់អ្នកផងទូទៅពុំខានឡើយ ។ ទន្ទឹមនិងនេះអ្នកដែលមានបុណ្យសក្តិខ្ពង់ខ្ពស់មានអំណាចធំធេង តែប្រព្រឹត្តសកម្មភាពទុច្ចរិត ពុករលួយ បក្សពួកជាដើមនោះរមែងត្រូវបានអ្នកក្រោម​ឱវាទវាយតម្កៃទាប ហើយអ្នកផងទូទៅមើលស្រាល មិនឲ្យតម្លៃតែម្តង ។ មនុស្សប្រភេទអាងបុណ្យសក្តិអាងអំណាចច្រើនតែខ្វះសុជីវធម៌ពុំសូវឲ្យតម្លៃអ្នកដទៃជាដើម ។ យើងដឹងហើយថាក្នុងសង្គមជាតិមានមន្រ្តីមួយចំនួនមានតួនាទីខ្ពស់ ជាវរមន្រ្តី ជាឯកឧត្តម តែរំលោភច្បាប់ បំពានអំណាច អយុត្តិធម៌ ពុករលួយជាដើមពោលគឺមន្រ្តីទាំងឡាយនោះធំតែសក្តិ តែមហាជនពុំអអោយតម្ឡៃឡើយ ៕ ផ្ទុយទៅវិញមន្រ្តីថ្នាក់តូចមួយតែមានសីលធម៌វិជ្ជាជីវៈល្អ មិត្តរួមការងារ និងមហាជននានាពិតជាឲ្យតម្លៃខ្ពស់ជាងមេដៃដែលពុករលួយបក្សពួកពុំខានឡើយ ។ ករណីនេះពុំមែនមានតែក្នុងសង្គមជាក់ស្តែងទេតែក្នុងអត្ថបទអក្សរសល្ប៍ក៏បានបង្ហាញយ៉ាងច្បាស់ថា លោកបាឡាដក្នុងរឿងកុលាបប៉ៃលិន ពុំអាចប្រៀបចៅចិត្រដែលមានមនុស្សមានកិត្តិយសបានដែរ ។​រីឯតំណាងរាស្រ្ត យ៉េន ដែលធ្វើប្រជាភិថុតបោកប្រាសរាស្រ្តក្នុងរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ក៏ពុំស្មើនិងតួអង្គសមដែលជាមនុស្សមានកិត្តិយស ចេះភ្ញាក់រលឹកជួយកែលម្អជីវភាពផ្ទាល់ខ្លួន ក៏ដូចជាជីវភាពសហគមន៍បានដែរ ។ ម្យ៉ាងវិញទៀត បើពិនិត្យលើ « ឯអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា » ​ក៏មាននអត្ថន័យប្រហាក់ប្រហែលនិងខ្លឹមសារ « សក្តិមិនស្មើយស » ដែរគ្រាន់តែចង់បញ្ជាក់ន័យថា​« អ្នកខ្ពង់ខ្ពស់ » គឹអ្នកខ្ពស់ដោយទ្រព្យសម្បត្តិ ក៏ពុំអាចឬអ្នកខ្ពង់ខ្ពស់ដោយសារបុណ្យសក្តិ ក៏ពុំអាចប្រដូចនិងអ្នកមានចិត្តជាបានដែរ ។ ករណីនេះ យើងឃើញមានឧញ៉ាមួយចំនួនកសាងសុខលើគំនរទុក្ខ អ្នកដទៃ កេងប្រវ័ញ្ចគាបសង្កត់ ធ្វើយ៉ាងណាឲ្យតែខ្លួនមានបាន​។​ឧញ៉ាប្រភេទនេះពិតជាពុំមានតម្លៃស្មើនិងកម្មករដែលរកស៊ីដោយសម្មាអាជីវោ រកស៊ីដោយសុចរិត ចេះយល់ខុសត្រូវ គុណទោស ជាមនុស្សមានចិត្តជា ចិត្តជាកុសលបានជាដាច់ខាត ទោះមានទ្រព្យវាល់កោដិ ក៏រស់ក្នុងភាពអសោចន៍កេរ្តិ៍ដែរ ។ ឯអ្នកធំដែលមានចិត្តអាក្រក់ឃោរឃៅ អញនិយម មេនិយមពោលគឺគ្មានចិត្តជា ពិតជាពុំអាចមានកិត្តិយសប្រសើរឡើយ ។ ដោយឡែកក្នុងអត្ថបទអក្សរសិល្ប៍ក៏បានបង្ហាញដែរថាថៅកែចិត្តចោរ ប៉ូលីសស៊ីសំណូក ពីតជាពុំស្មើហំ និងកម្មករមួយចំនួនបានដែរ ។ឯសេដ្ឋីក្នុងរឿងធនញ្ជ័យ ដែលកេងប្រវ័ញ្ច បោកប្រាសកូនក្មេងដោយឥតអៀនខ្មាសពុំមានកិត្តិយសពិសេសត្រូវធនញ្ជ័យផ្ចាញ់ឲ្យអស់កិត្តិយសទៀតផង ។​

រួមសេចក្តីមកយើងអាចនិយាយបានថា មនុស្សដែលមានបុណ្យសក្តិខ្ពស់ពុំស្នើមនុស្សដែលមានកេរ្តិ៍ឈ្មោះប្រសើរឡើយហើយអ្នកមានទ្រព្យស្តុកស្តម្ភ តែមានចិត្តឃោរឃៅ យង់ឃ្នង់ អសីលធម៌ក៏ពុំអាចប្រដូចមនុស្សដែលមានចិត្តជា ចិត្តល្អបានដែរ តែបើអ្នកមានឋានៈខ្ពស់មានទ្រព្យមហាសាល ហើយរក្សាបាននូវកេរ្តិឈ្មោះល្អចិត្តជាទៀតនោះគឹជាមនុស្សដែលអ្នកផងគួរគោរពបំផុត ។

ឆ្លងតាមការបកស្រាយដែលផ្អែកលើអំណះអំណាងរួចមកហើយអាចឲ្យយើងវាតតម្លៃបានថាភាសិតបុរាណខាងលើនេះពិតជាមានខ្លឹមសារអប់រំល្អ ពោលគឹអប់រំសីលធម៌បុគ្គលឲ្យមនុស្សម្នាក់ៗគិតពីកិត្តិយស កេរ្តិ៍ឈ្មោះផងទើបប្រសើរ ។ ដូចនេះយើងទាំងអស់គ្នាពិសេសយុវជនត្រូវខំអភិវឌ្ឍខ្លួនទាំងចំណេះដឹង ចំណេះធ្វើ និងទាំងសីលធម៌រស់នៅ ទើបខ្លួនយើងគ្រួសារយើងប្រទេសជាតិយើងអាចលេចត្រដែតលើផ្ទៃរាបអន្តរជាតិបាន ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1