Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់លោករដ្ឋមន្រ្តីបានពោលទៅកាន់សមថា «ខ្ញុំមិនត្រូវការអីក្រៅពីសេចក្តីស្មោះត្រង់សុចរិតរបស់បងទេ»

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់លោករដ្ឋមន្រ្តីបានពោលទៅកាន់សមថា «ខ្ញុំមិនត្រូវការអីក្រៅពីសេចក្តីស្មោះត្រង់សុចរិតរបស់បងទេ» ។ ចូរពន្យល់គំនិតខាងលើនេះឲ្យបានត្រឹមត្រូវ ។

សេចក្តីអធិប្បាយ

ចេញផុតពីអាណាខេត្តនៃគុកធំ សមដូចជារកប្រាប់ខ្លួនមិនត្រូវថានឹងទៅណាព្រោះសមគ្មានផ្ទះសម្បែង គ្មានប្រាក់កាស ត្រូវដើរត្រឹកៗ ទៅតាមវិថីនានាដោយគ្មានគោលបំណងនិងសេចក្តីសង្ឃឹមឡើយ ។ សមដើរបណ្តើតគិតបណ្តើរហាក់ដូចសាកសពដែលអាចកម្រើកខ្លួនបាន ។ ពេលនោះស្រាប់តែសមបានជួបឧបទ្ទវហេតុប៉ុន្តែជាសំណាងល្អទៅវិញទេ ដោយហេតុថាសមបានស្គាល់លោករដ្ឋមន្រ្តីក្មេងតាមរយៈគ្រោះថ្នាក់តូចមួយនេះ ។ ហើយបានសម្លឹងមើលឃើញនៃតម្លៃបុគ្គលលក្ខណៈសម្បត្តិរបស់សម័យបែបនេះហើយ ទើបគេឃើញនៅក្នុងដំណើររឿងលោករដ្ឋមន្រ្តីបានពោលថា « ខ្ញុំមិនត្រូវការអីក្រៅពីសេចក្តីស្មោះត្រង់របស់បងឯងទេបង » ។

តើលោករដ្ឋមន្រ្តីមានគំនិតដូចម្តេច ចំពោះសមបានជាលោកពោលយ៉ាងដូចម្តេច ?

ជាបឋមមុនបកស្រាយសម្តីលោករដ្ឋមន្រ្តី ឲ្យបានក្បោះក្បាយយើងត្រូវយល់ពីពាក្យគន្លឺះជាមុនសិន ។ ពាក្យ « សេចក្តីស្មោះត្រង់ » មានន័យថា ភាពមិន វៀចវេរមិនភូតកុហក ស្មោះចំពោះចៅហ្វាយនាយ ឬចំពោះអ្នកដទៃជាដើម ។ ចំណែក « សុចរិត » ចង់សំដៅលើការមិនធ្វើអាក្រក់ អំពើទុច្ចរិតផ្សេងៗ ដូចជាលួចប្លន់ចាប់ជម្រិតអ្នកដទៃជាដើម ។ ​ដូចនេះប្រធានខាងលើចង់បង្ហាញឲ្យយើងឃើញថាយើងមិនត្រូវការអំពីភាពមិនវៀរវេរ មិនកុហកបោកប្រាស់ និងប្រព្រឹត្តអំពើទុច្ចរិត អំពើដែលល្មើសនិងច្បាប់ អបាយមុខផ្សេងៗ មានន័យថាលោករដ្ឋមន្រ្តីជាមនុស្សប្រកបគតិធម៌យកចិត្តទុកដាក់ចំពោះសមយ៉ាងខ្លាំង កម្រមានបុគ្គលណាធ្វើបានឡើយ ។

ផ្អែកតាមដំណើររឿងគេសង្កេតឃើញថា លោករដ្ឋមន្រ្តីជាមនុស្សម្នាក់ដែលមានគុណធម៌ក្នុងខ្លួនមានទំនួលខុសត្រូវខ្ពស់ ប្រការដែលលោកបានបើកឡានប៉ះដល់សម គាត់បានបើកទ្វាររថយន្តចេញមកខាងក្រៅដើម្បីជួយសង្គ្រោះសមព្រមទាំងចង់បញ្ជូនសមទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ហើយលោកបានយកសមទៅនៅជាមួយដែលទង្វើបែបនេះជាទង្វើមួយកម្រអ្នកមានណាម្នាក់ប្រព្រឹត្តដូចលោករដ្ឋមន្រ្តីទេ ។ លោករដ្ឋមន្រ្តីជាមនុស្ស ដែលមានចំណេះដឹងជ្រៅជ្រះខាងផ្នែកសិទ្ធិសេរីភាព ព្រមទាំងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ ព្រោះលោកបានពោលទៅកាន់សមទៀតថាមនុស្សយើងត្រូវមានសិទ្ធិសេរីភាពស្មើគ្នា តែសិទ្ធិសេរីភាពនេះត្រូវមានព្រំដែនមានន័យថាមនុស្សទាំងអស់នៅក្នុងសង្គម សុទ្ធតែមានសិទ្ធិដូចៗគ្នា តែសិទ្ធិនោះវាស្ថិតនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់រដ្ឋអំណាចមិនមែនអាងតែមានសិទ្ធិ មនុស្សចេះតែដើរប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗនោះទេ ព្រោះថាសិទ្ធិមនុស្សរបស់មនុស្សម្នាក់ៗត្រូវមានព្រំដែនកំណាត់មួយច្បាស់លាស់ ។ ជាងនេះទៅទៀតលោករដ្ឋមន្រ្តីក៏ជាបញ្ញវ័ន្តមួយដ៏ត្រឹមត្រូវមានឋានៈ កិត្តិយសសាកសមនៅក្នុងសង្គម ។ ពិសេសជាងនេះទៅទៀតលោកជាមនុស្សដែលគេគោរពកោតខ្លាច មានអំណាចក្នុងខ្លួន ហើយលោកចេះប្រើប្រាស់អំណាចបានត្រឹមត្រូវថែមទៀតផង ។ បន្ថែមពីនេះលោករដ្ឋមន្រ្តីរូបនេះនៅមានគោលបំណងជាច្រើនទៀតដើម្បីអប់រំសម និងមនុស្សទូទៅដែលរស់នៅក្នុងសង្គមដើម្បីទទួលបានមនុស្សល្អនិងមនុស្សអាក្រក់ដែលមិនអាចរស់នៅជាមួយគ្នាបាន ពោលគឺលោកមានបំណងចង់ឲ្យសម ក្លាយទៅជាមនុស្សថ្មី មានជីវភាពថ្មី ព្រមទាំងឲ្យសង្គមជាតិទាំងមូលមានសុវត្ថិភាព ឆ្លើយតបទៅនឹងភូមិ ឃុំមានសុវត្ថិភាព ។ ជាងនេះទៅទៀតលោកចង់បង្ហាញឲ្យយើងបានស្គាល់ពីតម្លៃរបស់មនុស្សយើងមានតម្លៃទៅបាន គឹស្ថិតនៅលើភាពស្មោះត្រង់មានគុណធម៌ ចេះជួយគ្នាទៅវិញទៅមកទើបក្លាយទៅជាបុគ្គលប្រកបដោយមានប្រយោជន៍សមជាមនុស្សពេញលេញ ។ ម្យ៉ាងវិញទៀតការអប់រំមនុស្សឲ្យល្អទៅបានទាមទារអ្នកអប់រំជាមនុស្សល្អ មានភាពស្មោះត្រង់មានសច្ចធម៌ មានគុណសម្បត្តិច្រើននៅក្នុងសង្គមជាតិ ។ ជាក់ស្តែងដូចជាលោករដ្ឋមន្រ្តីក្មេងបានជួយសង្គ្រោះសម ធ្វើឲ្យសមរំដោះខ្លួនចេញពីមនុស្សអនាថាដែលសង្គមគេស្អប់ខ្ពើម ជេរប្រមាថដោយរូបភាពផ្សេងៗជាច្រើន ។ ប្រសិនបើសមមិនបានជួបស្គាល់ជាមួយលោករដ្ឋមន្រ្តទេ ហើយលោករដ្ឋមន្រ្តីក្មេងទៀតសោតមិនបានស្គាល់ពីតម្លៃរបស់មនុស្ស ស្គាល់ពីព្រំដេននៃសិទ្ធិសេរីភពទេនោះម្ល៉េះសមមិនមានអនាគតល្អនោះឡើយ ។ នេះបញ្ជាក់ឲ្យឃើញថា លោករដ្ឋមន្រ្តីជាធនធានមនុស្សដែលល្អវិសេសវិសាល ជាអរិយជនដ៏ប្រសើរបំផុតដល់មនុស្សជំនាន់ក្រោយបានបម្រើអនុវត្តផ្សព្វផ្សាយ ក្នុងការរួមចំណែកក្នុងការកាត់បន្ថយទុរគ៌តភាពនៅក្នុងសង្គម ចង់ឲ្យមនុស្សប្រកាន់គោលជំហរ មានមេត្តាធម៌ ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក ។

រួមសេចក្តីមកគំនិតរបស់លោករដ្ឋមន្រ្តីក្មេងនេះ គឹលោកចង់អប់រំដល់រួបសមដល់មនុស្សទូទៅនៅក្នុងសង្គមជាតិទាំងមូល ។ ប្រការនេះហើយទើបសមបានរីកចម្រើនផ្នែកផ្លូវការផ្លូវចិត្តហើយនៅទីបំផុត សមបានក្លាយទៅជាអ្នកដឹកនាំមួយរូបដែលមានលក្ខណៈសម្បត្តិយ៉ាងល្អប្រពៃ ។

ឆ្លងតាមការបកស្រាយខាងលើ យើងឃើញថាសម្តីរបស់លោករដ្ឋមន្រ្តីពីតជាមានខ្លឹមសារពោរពេញដោយការអប់រំនិងជាគតិដ៏ល្អមួយសម្រាប់យុវជនអនុវត្តន៍តាមព្រោះថានៅក្នុងសង្គមមួយបើមនុស្សមិនមានភាពស្មោះត្រង់ និងសុចរិតទេនោះប្រទេសជាតិនិងក្លាយទៅជាចលាចលកើតនៅសង្គ្រាមមិនខាន ។ ដូចនេះយើងត្រូវយកតម្រាប់តាមលោករដ្ឋមន្រ្តីដែលលោកជាអ្នកដឹកនាំដ៏ឆ្នើម ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1