Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

រឿងសូផាត

សង្ខេបរឿងសូផាត 

អ្នកនិពន្ធ

លោក​ រីម​ គីន កើតនៅឆ្នាំ១៩១១​ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ ។ លោកមាន​ឪពុក​​ឈ្មោះ គីម ម្ដាយឈ្មោះ សោ ដែលជាគ្រួសារសាមញ្ញមួយ ។​ ឪពុកលោកបាន​ទទួល​អនិច្ចកម្ម​ទៅ​ដោយក្រុមចោរប្លន់ នៅពេលដែលលោកទើបតែមានអាយុ​៧ឆ្នាំ​ប៉ុណ្ណោះ​។​ លោកក៏បានទៅរស់នៅ​ជា​​មួយ​ម្ដាយ​រហូតមក ។

នៅក្នុងវ័យកុមារលោក រីម គីន បានសិក្សារៀនសូត្រអក្សរខ្មែរ​ក្នុងសំណាក់​ព្រះភិក្ខុ​មួយ​អង្គ​​ព្រះនាមអាចារ្យ​ សាំង ត្រូវជាបងប្អូនជីដូនមួយញាតិខាងម្ដាយ​របស់​លោក​ ដែលគង់នៅវត្តស្វាយ​ដង្គំក្នុងសង្កាត់លេខ៣ ក្រុងភ្នំពេញ ។​ ក្នុងការសិក្សា​ផ្នែក​អក្សរ​​សាស្រ្តនេះ​កុមារ រីម គីន បានខិតខំ​រៀនសូត្រ ហើយយកចិត្តទុកដាក់ក្នុងការស្ដាប់ និងអាន សាស្រ្តារឿង សាស្រ្តាច្បាប់ និងអក្សរសិល្ប៍​ជារៀងរាល់ថ្ងៃ ។ ស្នាដៃរឿសូផា ត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់ទី៩ ហើយនិពន្ធនៅក្នុងឆ្នាំ១៩៣៨ ។

រឿងសងេ្ខប

លោកសួន និង​នាងសូយា ឪពុកម្ដាយរបស់​សូផាត បានជួបជុំគ្នាដោយ​មិន​បានរៀប​ការ​នឹង​គ្នា​ឡើយ ។ លោកសួន ជាអ្នកភ្នំពេញ​ រួចបានមកធ្វើជា​ចៅ​ហ្វាយ​ស្រុកសិរីសោភ័ណ​ ខេត្តបាត់ដំបង ​លោក​បានស្រឡាញ់នាងសូយា ជាស្រ្តីកំព្រាក្រីក្រដោយ​លួច​លាក់ ។​ ពេលនាង​មានផ្ទៃ​ពោះ លោកសួនត្រូវ​ផ្លាស់​ទៅ​ភ្នំពេញវិញ ។ លោកមិនបានយកនាង​សូយា ​ទៅជាមួយលោកទេ​ ព្រោះ​នៅភ្នំពេញលោក មានគូ​ដណ្តឹង​រួចហើយ តែមុនពេលចាកចេញទៅលោក​បាន លួងលោមនាងសូយា​ ព្រមទាំងប្រគល់ចិញ្ចៀន មួយវង់​ឲ្យនាង ។

ក្រោយមក សូយា ប្រសូតបានបុត្រមួយរូបដាក់​ឈ្មោះ​​ថាសូផាត ។ នាងរស់នៅជាមួយកូន​ដោយទុក្ខ​ព្រួយ​ព្រោះមិន​បាន​​ទទួល​​​ដំណឹង​អ្វី​សោះ​ពីលោក​សួន ។ ទីបំផុតនាងដឹងថា លោក​សួន បានរៀបការនឹងនារីដទៃ​ នាងក៏ចាប់ឈឺ​យ៉ាង​ធ្ងន់រហូតបាត់បង់ជីវិត ។ សូផាត ត្រូវបាន​ប្រជាជនក្នុង​ភូមិ​ជួយចិញ្ចឹម រហូតមកដល់អាយុ៨ ឆ្នាំ ក៏ទៅនៅរៀនសូត្រ​ក្នុងវត្ត ក្រោមការឧបត្ថម្ភ របស់ព្រះភិក្ខុទាំង​ឡាយ ។ សូផាត​ ជាក្មេងដែលមានអ្នកផងស្រឡាញ់ណាស់ ទាំងបព្វជិត ទាំងគ្រហស្ត​ ​ព្រោះជាក្មេងឧស្សាហ៍រៀនសូត្រ និងធ្វើការងារមិនចេះនឿយ​ហត់ ។ លុះអាយុបាន១២ឆ្នាំ​ សូផាត បានសុំការអនុញ្ញាតិពីលោកគ្រូដើម្បីទៅរក​ឪពុក​នៅ ភ្នំពេញ ។ ​លោកគ្រូរបស់គេយល់ថា សូផាតជាក្មេងមានប្រាជ្ញា ក៏ព្រមឲ្យទៅដោយ​ប្រាប់ពីរបៀបធ្វើដំណើរ ប្រាប់​កន្លែងស្នាក់នៅ និងទូន្មានពីករណីកិច្ចជាកូនចំពោះឪពុក​ម្ដាយ រួចព្រះអង្គក៏បានឲ្យលុយធ្វើដំណើរ និងឲ្យចិញ្ចៀនមរតក​ព្រមទាំងសំបុត្រមួយ​ច្បាប់ទៅភិក្ខុមួយអង្គដែលជាសម្លាញ់នៅវត្តឧណ្ណាលោម ដើម្បីឲ្យទទួលសូផាត ឲ្យស្នាក់​នៅមុន​ពេល​រកឪពុកឃើញ ។

ពេលសូផាត មកដល់ភ្នំពេញមិនបានជួបសម្លាញ់លោកគ្រូទេ តែគេបានជួប​ព្រះសង្ឃផ្សេង​ទៀតដែល​ទទួលឲ្យគេស្នាក់នៅដើម្បីដើររកឪពុក ។ សូផាតស៊ើបសួរ​យ៉ាង​យូរ​នៅតែរកឪពុកមិនឃើញ ។ ថ្ងៃមួយ​ពេលកំពុងធ្វើដំណើរតាមផ្លូវ​សូផាត បាន​ជួប​ក្មេងពីរនាក់​ឈ្លោះគ្នា​ គេក៏ជួយសង្រ្គោះក្មេងតូច រួច​អ្នកទាំង​​​ពីរក៏រាប់អានគ្នាជាមិត្តភក្តិ ។ កុមាររងគ្រោះនោះឈ្មោះ ណារិន ជាក្មួយប្រុសរបស់ភរិយាលោក​សួន ។ ក្រោយពេល​ដែលណារិន ដឹងថាសូផាត គ្មានទីពឹងនោះ គេក៏បាននាំសូផាតទៅ​ជួបលោកសួន ដើម្បីសុំឲ្យសូផាត រស់នៅជាមួយគ្នា ។

សូផាត បានរស់នៅក្នុងផ្ទះលោកសួន ហើយបានជួយធ្វើការងារគ្រប់បែបយ៉ាង ពិសេស​​បាន​​​ជួយកែប្រែចរិតណារិន ឲ្យក្លាយជាក្មេងឧស្សាហ៍រៀនសូត្រ និងស្លូតបូត​ទៀតផង ប្រការ​នេះ​ធ្វើឲ្យ​ប្ដីប្រពន្ធលោក សួន ពេញចិត្តណាស់ ឯនាងម៉ានយ៉ានជា​បងស្រី​ណារិន ក៏ពេញចិត្តនឹងសូផាត​ដែរ ។ ពេលណារិន និងសូផាតបានប្រឡងជាប់សញ្ញាបត្រវិជ្ជាបារាំង–ខ្មែរ​​រួចហើយនោះ​ លោក​សួន​ ក៏បានឲ្យណារិន បន្តវិជ្ជាតទៅទៀត ។ ចំណែកឯសូផាតវិញ លោកសួន បានរកការងារឲ្យធ្វើ ដោយ​ធ្វើជាស្មៀននៅក្នុងហាងជំនួញមួយ ។​ ជាចៃដន្យថ្ងៃមួយ សូផាត ភ្លេចចិញ្ចៀនកេររបស់ម្ដាយនៅក្នុង​បន្ទប់​ទឹក​ ពេលនោះត្រូវ​​ម៉ានយ៉ាន បងស្រីណារិន រើសយកទៅជួនលោកសួនដែលជាឪពុកចិញ្ចឹម ។ លោកសួន ស្គាល់​ច្បាស់​ពីចិញ្ចៀន​នោះ ទើបដឹងខ្លួនថាសូផាត គឺជាកូនប្រុសបង្កើតរបស់ខ្លួន​ តែលោកបាន​ពិគ្រោះជាមួយប្រពន្ធ​ ហើយ​ចង់លាក់រឿងនេះមិនឲ្យសូផាតដឹង​ឡើយ ។ តាំងពីថ្ងៃ​នោះ​​មក លោកក៏បានរៀបចំកន្លែងរស់នៅឲ្យសូផាត ដូចជា​អ្នករស់នៅក្នុងគ្រួសារទាំងមូល និងបាន​អនុញ្ញាត​ឲ្យសូផាត បរិភោគជាមួយក្រុមគ្រួសារ​ ហើយនិងឲ្យសូផាត រៀនសូត្រ​បន្តទៀតផង ។ ចំណែក​​សូផាត វិញនៅតែមិនដឹងថាលោកសួន គឺជាឪពុករបស់ខ្លួន​នោះទេ ។ រីឯមនោសញ្ចេតនា​ស្នេហា​រ​​បស់សូផាត និងម៉ាយ៉ាន កើតឡើងជារៀងរាល់ថ្ងៃ តែគេមិននិយាយប្រាប់គ្នាឡើយ ។​

នៅ​ផ្ទះជិត​ខាងសូផាតមាននារីម្នាក់ឈ្មោះ អ៊ូរី ក៏​ស្រឡាញ់​សូផាតដែរ ហើយនៅរាត្រីមួយ​នោះ​នាងអ៊ូរី​ បាន​​ចូល​ទៅក្នុងបន្ទប់សូផាត ដើម្បីនិយាយរឿង ស្នេហា តែសូផាត​បាន​បដិសេធ នាងក៏ចុះ​ចេញ​​ពីបន្ទប់​សូផាត​ទៅ​វិញ ចៃដន្យពេល​នោះ​ ​​​ម៉ានយ៉ានបាន ឃើញអ៊ូរី នៅក្នុងបន្ទប់សូផាត ធើ្វឲ្យ​នាង​ខឹង​នឹង​សូផាត​​ហើយ​លែង​និយាយ​រក​ និងគេចមុខពីសូផាត ។

សូផាតយល់ថា ម៉ាយ៉ាន បានដឹងថាខ្លួនលួច​ស្រឡាញ់​​នាង ហើយដោយនាងមិនពេញចិត្តនឹងខ្លួន​ទើប​​នាង​តោះ​តើយ ។ ពេលនោះសូផាត គិតថាខ្លួនមានកំហុស​ ក៏សម្រេចចិត្តរត់​ចេញ​ពីផ្ទះនោះ​ដោយទុកសំបុត្រមួយច្បាប់ផង ។ ក្រោយពេល​ដឹង​រឿងនោះលោកសួនបាន​ចាត់​ឲ្យ​​​គេដើររកសូផាតគ្រប់ទីកន្លែង ទីបំផុតគេរកឃើញ​ខ្មោចលង់ទឹក​មួយ​​មើលមិន​ស្គាល់ គេក៏​សន្និដ្ឋាន​ថា សូផាត ស្លាប់ហើយធ្វើបុណ្យឲ្យសពនោះទៅ ។ នាងម៉ានយ៉ាន មានទុក្ខព្រួយយ៉ាងខ្លាំង ព្រោះគិតថាសូផាត សម្លាប់ខ្លួនដោយសារអាកប្បកិរិយា​តោះ​តើយ​របស់​នាង ។

ពេលក្រោយមក មានយុវជនម្នាក់ទៀតឈ្មោះ សំណាង បានចូលមកស្ដីដណ្ដឹង​ ម៉ានយ៉ាន ពេលនោះលោកសួន បានសួរចិត្តនាងម្ដង ជាពីរដង នាងក៏មិនហ៊ានប្រកែក​នឹង​លោក បើទោះបីជា​នាងនៅនឹកសូផាត​ ហើយមិនដែល​ស្គាល់​សំណាងនោះក៏ដោយ ។ លុះដល់ពេលជិតដល់ថ្ងៃ​រៀប​​អាពាហ៍​ពិពាហ៍​លោកសួន បាននាំគ្រួសារព្រមទាំង សំណាង ទៅលេងកម្សាន្តនៅផ្ទះមិត្តភក្តិម្នាក់ជា​មេស្រុក​ឯបាត់ដំបង ។​

ចំណែកឯ សូផាត ក្រោយពេលរត់ចេញពីផ្ទះលោក​សួន គេ​បានទៅសុំជួយធ្វើការងារ និង​រស់នៅជាមួយមេ​ស្រុក​នោះ ។ ថ្ងៃ​ដែល​លោកសួន​ ទៅលេងកម្សាន្តនៅទី​នោះ សូផាត ក៏រត់គេចបាត់ មិនឲ្យជួបលោកសួន ឡើយ ក្រោយពេលដែលគេរៀប​ចំ​ទទួលទាន​រួច ។ ​លោក​សួន និងម៉ានយ៉ានមិន​បានដឹងថាសូផាត រស់នៅ​ទី​នោះ​ទេ ។ ក្រោយពេលបាយរួច ម៉ានយ៉ាន​ បានទៅកម្សាន្តក្រៅ​ភូមិក្បែរ​គុម្ព​ឫស្សី ពេលនោះសំណាងទៅតាម ហើយមានបំណងថើបនាង នាងក៏ដើរ​ចេញ ស្រាប់​​តែ​​នាង​បានឃើញសូផាតឈរ​នៅ​ក្បែរ​ជិតបង្កើយ​ នាង​ស្មានថាជាខ្មោច ក៏ស្រែក​ឡើង ហើយ​​ដួល​សន្លប់ទៅ រីឯសូផាតក៏គេចខ្លួន​ទៅបាត់ ។ គេ​ទាំងអស់​គ្នាជឿថា ជាខ្មោច​សូផាត មែនក៏បន់ស្រន់​ រួចយកម៉ានយ៉ាន មកភ្នំពេញវិញ ។

ពេលម៉ានយ៉ាន បានធូរស្រាល គេក៏រៀបចំអាពាហ៍​ពិពាហ៍​របស់នាងជាមួយសំណាង។ ថ្ងៃ​រៀបការ​នាង​ម៉ានយ៉ាន ក៏គេចទៅ​លោតទឹកសម្លាប់ខ្លួន​ដោយសារតែនាងនៅនឹកដល់ សូផាត ។​ ពេល​នោះគ្រួសារលោកសួន មានទុក្ខព្រួយយ៉ាង​ខ្លាំង ដោយជឿ​ថា​ម៉ានយ៉ានស្លាប់ តែនាងនៅមិន​ទាន់ស្លាប់ទេ ​ព្រោះ​បាន​អ្នក​នេសាទ​ម្នាក់ជួយស្រង់ ។ សូផាត បានជួ​ប​ម៉ានយ៉ាន ព្រោះក្រោយពីរត់​គេចពីមេស្រុកមកគេបានរស់នៅ​ជា​មួយ​សម្លាញ់​​ជាអ្នកនេសាទនោះ ។ អ្នកទាំងពីរបានសារ​ភាព ស្នេហារៀងខ្លួន រួចព្រម​រស់​ជាមួយ​គ្នា​ តែដោយភ័យខ្លាច ក្រុមគ្រួសារសំណាងដឹង ពួកគេក៏ភៀស​ខ្លួន​ទៅ​នៅខេត្ត​ស្វាយ​រៀង ។ លុះដល់ពេលរដូវធ្វើស្រែចម្ការ​ ប្ដីប្រពន្ធសូផាត​ ខ្វះប្រាក់ទិញស្រូវពូជ សូផាត ក៏សម្រេចចិត្ត មកភ្នំពេញលក់ចិញ្ចៀន យកប្រាក់ដោះស្រាយបញ្ហា ។ ពេលធ្វើ​ដំណើរមក​ភ្នំពេញ សូផាតបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវគេបញ្ជូន មកមន្ទីរ​ពេទ្យ​នៅភ្នំពេញ ។ ចំណែក​​​​ម៉ាយ៉ាន នៅ​ផ្ទះមានជម្ងឺ ក៏អញ្ជើញគ្រូពេទ្យមកព្យាបាល ចៃដន្យ​​អីគ្រូពេទ្យេ ដឹងថានាងជាគូដណ្តឹង​មិត្តភក្តិរបស់​ខ្លួនឈ្មោះសំណាង គេក៏បញ្ជូន​នាង​ឲ្យ​ម​​ក​ព្យា​បាល​​នៅ​ភ្នំពេញ​ រួចឲ្យដំណឹងទៅមិត្ត​របស់ខ្លួន ។

សំណាង​បានទៅជួបម៉ានយ៉ាន នៅក្នុងមន្ទីរពេទ្យ​ព្រមទាំង​បានទាមទារសំណងបណ្ណាការ​មកវិញ រីឯ​សូផាត ដែលនៅ​សម្រាក​ព្យាបាលក្នុងមន្ទីរពេទ្យនោះដែរ ពេលបាន​ឮសំឡេងប្រពន្ធ​របស់​ខ្លួន ក៏ចេញមករក ​ពេលនោះ​សូផាត និងសំណាងក៏មាន​ជម្លោះនឹងគ្នាយ៉ាង​ខ្លាំង ។ បញ្ហាទាំងអស់​នេះបាន​ដោះ​​ស្រាយ នៅ​ពេល​លោកសួនមកដល់ ។ លោកបានបំភ្លឺការពិតឲ្យ​សូផាត​ដឹង​ រួចធា​នា​​សង​បណ្ណា​ការ​គ្រួសារ​សំណាងវិញ ។ គេបាន​រៀប​អាពាហ៍​ពិពាហ៍ឲ្យសូផាត និង​ម៉ានយ៉ាន យ៉ាងគគ្រឹក​គគ្រេង ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1