តើបាវចនាជាតិខ្មែរមានពាក្យអ្វីខ្លះ? មានទំនាក់ទំនងគ្នាដូចម្តេច? ចូរពន្យល់។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បាវចនាជាតិខ្មែរមានពាក្យ “ជាតិ សាសនា ព្រះមហាក្សត្រ” ឬ ជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រកាន់យកយ៉ាងខ្ជាប់ព្រោះថា៖
១. ”ជាតិ” សំដៅយកបរិវេទនៃកំណើតរបស់មនុស្សដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន។ មនុស្សច្រើន លាយឡំគ្នា ក្នុងប្រទេសតែមួយមានលក្ខណៈរួមគ្នាតែមួយហៅថា ជាតិ។
ជាតិសម្គាល់ដូចខាងក្រោម៖
- ភូមិសាស្ត្រ ទឹកដី ទីកន្លែង ក្នុងប្រទេសរបស់ខ្លួនរស់នៅ
- ជនជាតិផ្សេងៗរស់នៅប្រទេសរបស់ខ្លួនពីបុព្វបុរសដើមររៀងមក
- ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយ គឺភាសាខ្មែរ
- មានមុខរបរផ្សេងគ្នា តែមានការរស់នៅប្រមូលផ្តុំលក្ខណៈជាខ្មែរ
- មានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា អរិយធម៌ ជាជាតិខ្មែរ។
និយាយរួម មានការបន្តពូជពង្ស និងទទួលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ។
២.”សាសនា” គឺជាវិន័យ បញ្ញាតិ ប្រព័ន្ធជំនឿ សំរាប់អប់រំទូន្មាន ប្រៀនប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ។ សាសនាជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរមានដូចជា៖
- អប់រំមនុស្សឱ្យស្គាល់បុណ្យ បាប កម្មផល និងសម្មាធិបញ្ញា
- អប់រំមនុស្សមិនឱ្យមានលោភៈ ទោសៈ មោហៈ និងវៀរចាកបច្ច័យដែលនាំទៅរកសេចក្តីទុក្ខជាដើម
- អប់រំមនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត វាចា ឱ្យចេះខន្តី សច្ចៈ កតញ្ញូ
- អប់រំមនុស្សឱ្យចេះគោរពសក្ការៈ និងប្រតិបត្តិនូវជំនឿដើម្បីបំភ្លឺផ្លូវទោរកសេចក្តីសុខចំរើនក្នុងបច្ចុប្បន្ន និងអនាគត
- ដោយសារប្រជាពលរដ្ឋមានជំនឿលើព្រះពុទ្ធសាសនា បានជារដ្ឋធម្មនុញ្ញកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
៣.”ព្រះមហាក្សត្រ” គឺជាអង្គដែលមានវីវភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទៅរកភាពរីកចំរើនរុងរឿងក្នុងសង្គម។ ព្រះមហាក្សត្រជាអង្គដែមមានបារមីខ្ពស់ដែលប្រជាជនថ្វាយអំណាចឱ្យធ្វើជាប្រមុខរដ្ឋសម្រាប់ដឹកនាំ កសាង ការពារទឹកដីឱ្យបានគង់វង្ស។ ព្រះមហាក្សត្រជាអំណាចកំពូល៖
- ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្ត្រ
- ព្រះមហាក្សត្រ ធានាឱ្យមានយុត្តិធម៌ជួនកូនចៅប្រជារាស្ត្រ
- ព្រះមហាក្សត្រ ជាអត្តមេបញ្ជាការជាន់ខ្ពស់
- ព្រះមហាក្សត្រ ជាអ្នកធានាឯកភាពជាតិ និងបូរណភាពទឹកដី។
- ព្រះមហាក្សត្រ ជាអ្នកធានានូវរបបរាជានិយម
ដូចនេះ ព្រះមហាក្សត្រ ជាប្រមុខរដ្ឋអស់មួយជាជីវិត។ អំណាចព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញមិនធ្វើនយោបាយ។ អំណោចនីតិប្រតិបត្តិ ប្រគល់ឱ្យប្រមុខរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ។
ទំនាក់ទំនងគ្នារវាង ជាតិ សាសនា ព្រះមហាក្សត្រ មានភាពស្អិតរមួត មិនអាចខ្វះបាន ពីព្រោះសង្គមមួយ ដែលបង្កើតជារដ្ឋនៃប្រទេសមួយត្រូវមាន៖
- ប្រជាជន ទឹក ដី ភូមិសាស្ត្រ និងរដ្ឋាភិបាល របស់ខ្លួនច្បាស់លាស់
- ប្រព័ន្ធជំនឿ សាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
- រដ្ឋដែលជាប្រមុខរដ្ឋ មានសិទ្ធិ ធ្វើទំនាក់ទំនងអន្តរជាតិ
- មានភាសាជាម្ចាស់លើខ្លួនឯង ឯករាជ្យជាតិ ឯកភាពអំណាចដើម្បីឱ្យប្រទេសមានការរីកចំរើន។