Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី ២ ការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ (មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)

ជំពូកទី ២  ការរស់នៅជាមួយសហគមន៍

មេរៀនទី ២ ការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ

មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩

មេរៀនសង្ខេប

បច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោក បានផ្សាសល់ប្តូររបបគ្រប់គ្រងរបសល់ខ្ឡួនទៅរក​និន្នាការលទ្ធិប្រជាធិបតេយ្យដោយលទ្ធិនេះប្រជាពលរដ្ឋជាអធិបតីក្នុងការសម្រេចកិច្ចការជោគវាសនា​របស់ប្រទេសជាតិ តាមរយៈអ្នកតំណាងរបស់ខ្លួន និងការចូលរួមភ្ទាល់ក្នុងកិច្ចការផ្សេងៗរបស់សង្គម។

លទ្ធិប្រជាធិបតេយ្យត្រូវបានបែងចែកចេញជា ២សណ្ឋាន គឺប្រជាធិបតេយ្យផ្ទាល់ ដែលប្រជា​ពល​រដ្ឋ​ទាំងអស់បានចូលរួមដោយផ្ទាល់ក្នុងការធ្វើការសម្រេចចិត្តជាសាធារណៈ និងប្រជាធិបតេយ្យតំណាង ដែលប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសអ្នកតំណាង ហើយផ្ទេរអំណាចរបស់ខ្លួន ដើម្បីធ្វើសេចក្តី​សម្រេច​ចិត្ត​លើកិច្ចការទាំងឡាយក្នុងការដឹកនាំប្រទេស។

លទ្ធិប្រជាធិបតេយ្យមានគោលការណ៍មួយចំនួនដូចជា ការចូលរួមចំណែកពីប្រជាពលរដ្ឋ ការ​ស្មើភាព​គ្នា ការអនុគ្រោះគ្នា សេរីភាពសារព័ត៌មាន ការទទួលខុសត្រូវ តម្លាភាព ការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមការកំណត់ សេរីភាពខាងសេដ្ឋកិច្ច យន្តការទប់ស្កាត់ការប្រើអំណាចដោយរំលោភ និង​ប្រព័ន្ធពហុបក្ស។

លទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសដូចជា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់នូវសិទ្ធិជាមូលដ្ឋាន​របស់ប្រជាពលរដ្ឋមានស្ថាប័នសិទ្ធិមនុស្សដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពី​សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋប្រព័ន្ធតុលាការជាតុលាការឯករាជ្យដោយការពារសិទ្ធិសេរីភាព ប្រជាពលរដ្ឋគ្រប់រូបមិនលម្អៀងដោយគ្មានការរើសអើង។

ក្នុងលទ្ធិប្រជាធិបតេយ្យត្រូវបានបែងចែកជាបីរបប៖

  • របបប្រធានាធិបតីនិយម គឺរបបនេះ គេបោះឆ្នោតជ្រើសរើស សមាជិកសភាដើម្បីបង្កើតស្ថាប័ន នីតិប្បញ្ញត្តិ និងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីជាប្រមុខដឹកនាំរដ្ឋាភិបាល និងជា​អ្នកតំណាង​ឱ្យប្រជាជាតិទាំងមូល។
  • របបសភានិយម មានការបោះឆ្នោតជ្រើសរើសសមាជិកសភា បន្ទាប់មកសភាជ្រើសរើស​នាយករដ្ឋមន្ត្រីដើម្បីដឹកនាំរដ្ឋាភិបាល។
  • របបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រជាធិបតេយ្យរបបចម្រុះ គឺរបបនេះមាន​ការ​បោះឆ្នោត​ជ្រើសរើសសមាជិកសភា បន្ទាប់មកសមាជិកសភានៃគណបក្សឈ្នះឆ្នោតធ្វើការ​ជ្រើស​រើស​នាយករដ្ឋមន្ត្រី និងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីជាតំណាងប្រទេសជាតិ​ទាំង មូល។

មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺជាការបោះឆ្នោតដែលមានសារៈសំខាន់ណាស់ក្នុងលទ្ធិ​ប្រជាធិបតេយ្យ​ ព្រោះថាសារៈសំខាន់នៃការបោះឆ្នោត គឺបានផ្តល់អំណាចដល់ប្រជាពលរដ្ឋក្នុងការវិនិច្ឆ័យ​គ្រប់បែប​យ៉ាង​ដើម្បីជ្រើសរើសតំណាង ឬគណបក្សដែលគាត់ជឿទុកចិត្ត។ ប៉ុន្តែអ្នកតំណាង ឬ​គណបក្សនយោបាយ​ដែលឈ្នះឆ្នោត ត្រូវតែមានការទទួលខុសត្រូវលើគ្រប់សកម្មភាពចំពោះមុខ​ប្រជាពលរដ្ឋដែលលទ្ធផលនេះត្រូវបានឆ្លុះបញ្ចាំងពីប្រជាពលរដ្ឋក្នុងការគាំទ្រ ឬមិនគាំទ្រ។

 

សំណួរ និងចម្លើយ

  • តើប្រជាធិបតេយ្យមានន័យដូចម្តេច? តើលទ្ធិប្រជាធិបតេយ្យមានប៉ុន្មានសណ្ឋាន?
  • តើគោលការណ៍ប្រជាធិបតេយ្យមានអ្វីខ្លះ?
  • ក្នុងរបបប្រជាធិបតេយ្យ តើគេជ្រើសរើសថ្នាក់ដឹកនាំតាមវិធីដូចម្ដេច?
  • តើប្រទេសកម្ពុជាសព្វថ្ងៃប្រកាន់របបនយោបាយអ្វី?
  • តើការបោះឆ្នោតមានសារៈសំខាន់ដែរឬទេ ? ព្រោះអ្វី?
  • តើប្រជាធិបតេយ្យផ្ទាល់ និងប្រជាធិបតេយ្យតំណាងខុសគ្នាដូចម្តេច?
  • ចូរពន្យល់ពីគោលការណ៍នីមួយៗនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
  • តើលទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសអ្វីខ្លះ?
  • តើរបបប្រធានាធិបតីនិយម មានខ្លឹមសារដូចម្តេច?
  • តើរបបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រធានាធិបតីនិយម មានខ្លឹមសារដូចម្តេច?
  • តើរបបសភានិយមមានខ្លឹមសារដូចម្តេច?
  • តើរបបប្រធានាធិបតីនិយម របបសភានិយម និងរបបពាក់កណ្តាលសភានិយម និងពាក់កណ្តាលប្រធានាធិបតីនិយមខុសគ្នាដូចម្តេច?
  • តើការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យមានសារៈសំខាន់ដូចម្តេច?
  • តើលទ្ធិប្រជាធិបតេយ្យមានសារប្រយោជន៍អ្វីខ្លះ?
  • តើដូចម្តេចដែលហៅថាសំឡេងនៃការបោះឆ្នោត?
  • តើសំឡេងគាំទ្រច្រើន និងសំឡេងគាំទ្រភាគច្រើនខុសគ្នាដូចម្តេច?

 

ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា

មេរៀនទី ២ ការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 69
មេរៀន: 16